ទាន់ហេតុការណ៍
ខេត្តកំពង់ឆ្នាំង បានបិទបញ្ចប់ការវាស់វែងក្បាលដី ចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធហើយ។ - ស្នាមញញឹមប្រជាជន ជាក្តីសុខរបស់ថ្នាក់ដឹកនាំគ្រប់រូប ❤️️???????? - ស្ថានីយ៍ផ្សព្វផ្សាយ និងស្តារព្រៃឈើកន្ទួត ស្ថិតក្នុងខេត្តក្រចេះ មានទំហំ ២៣៧.៦៧ ហិកតា (ក្បាលដីលេខ ១៦) ត្រូវបានចុះបញ្ជីជាដីរដ្ឋ។ ——————————— - សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងសាធារណការ និងដឹកជញ្ជូន ចាត់ទុកកិច្ចការអាទិភាពទីមួយមាន កំពង់ផែ ព្រលានយន្តហោះ ផ្លូវតភ្ជាប់ ហេដ្ឋារចនាសម្ព័ន្ធជនបទចាំបាច់ គឺជាកិច្ចការស្នូលនៅក្នុងកិច្ចការនគរូបនីយកម្ម សំដៅកសាងបាននូវខឿនសេដ្ឋកិច្ចចាំបាច់សម្រាប់សង្គមជាតិកម្ពុជា និងធានាបាននូវដំណើរការសេដ្ឋកិច្ចសង្គមរបស់កម្ពុជាសម្រាប់រយៈពេលយូរអង្វែង។ - កិច្ចប្រជុំលើការអនុម័តសម្រេចផ្តល់ជូនការស្នើសេវាសាធារណៈតាមប្រព័ន្ធអនឡាញរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ———————————————— - កម្មវិធីអាជីវកម្មចល័ត​ និងកម្មករសំណង់​នៃសហភាពសហព័ន្ធយុវជនកម្ពុជា​រាជធានីភ្នំពេញ​ បានរៀបចំកិច្ចប្រជុំបូកសរុបការងារត្រីមាសទី១ និងការងារពង្រឹងរចនាសម្ព័ន្ធ - ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង ——————— - អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship - លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យក្រសួងរៀបចំដែនដី​នគរូបនីយកម្ម​និងសំណង់​​ រួមជាមួយតំណាងក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ត្រាច រដ្ឋបាលខេត្តកំពត និងអាជ្ញាធរស្រុក បានចុះនាំយកជីកសិកម្មដែលជាអំណោយរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ជូនបងប្អូនកសិករដែលកំពុងដាំបន្លែនៅភូមិកោះផ្តៅឃុំកំពង់ត្រាចខាងលិច។
0

រដ្ឋសភា អនុម័តទាំងស្រុងលើ សេចក្តីព្រាងច្បាប់ វិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់ធម្មនុញ្ញបន្ថែម ទាំង៨មាត្រា

រដ្ឋសភា អនុម័តទាំងស្រុងលើ សេចក្តីព្រាងច្បាប់ វិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់ធម្មនុញ្ញបន្ថែម ទាំង៨មាត្រា

(ភ្នំពេញ)៖ រដ្ឋសភាកម្ពុជា បានអនុម័តទាំងស្រុងហើយលើ សេចក្តីព្រាងច្បាប់ធម្មនុញ្ញ ស្តីពីការស្នើសុំធ្វើវិសោធនកម្មមាត្រា១៩ ថ្មី(មួយ) មាត្រា៨៩ មាត្រា៩៨ថ្មី មាត្រា ១០២ថ្មី មាត្រា១១៩ថ្មី (មួយ) និងមាត្រា១២៥ ថ្មី នៃរដ្ឋធម្មនុញ្ញ និងមាត្រា ៣ថ្មី និងមាត្រា ៤ថ្មី នៃច្បាប់ធម្មនុញ្ញ។

ការអនុម័តនេះធ្វើឡើងដោយសំឡេង ១០៥លើ១០៦សំឡេង ក្នុងសម័យប្រជុំលើកទី៧ នីតិកាលទី៦ នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ ក្រោមអធិបតីភាព សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដោយមានការចូលរួមពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសមាជិកសភាសរុប១០៦រូប។

សេចក្តីព្រាងច្បាប់ធម្មនុញ្ញ ស្តីពីការស្នើសុំធ្វើវិសោធនកម្មមាត្រា១៩ ថ្មី(មួយ) មាត្រា៨៩ មាត្រា៩៨ថ្មី មាត្រា ១០២ថ្មី មាត្រា១១៩ថ្មី (មួយ) និងមាត្រា១២៥ ថ្មី នៃរដ្ឋធម្មនុញ្ញ និងមាត្រា ៣ថ្មី និងមាត្រា ៤ថ្មី នៃច្បាប់ធម្មនុញ្ញ ត្រូវបានគគណៈរដ្ឋមន្ត្រីពិនិត្យ និងអនុម័ត កាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២កន្លងទៅនេះ។

គណៈរដ្ឋមន្ត្រី បានបញ្ជាក់ថា សេចក្តីព្រាងច្បាប់នេះ មានគោលបំណងសំខាន់ចំនួនពីរ ទី១៖ ធានាឱ្យស្ថាប័នកំពូលរបស់ជាតិ ជាពិសេសអំណាចនីតិប្រតិបត្តិ ដែលមានបេសកកម្មចម្បង ក្នុងការដឹកនាំការងារទូទៅរបស់រដ្ឋ មានដំណើរការប្រព្រឹត្តទៅដោយរលូននិងប្រកបដោយនិរន្តរភាពនៅគ្រប់កាលៈទេសៈ និងទី២៖ ធានា ការពារ និងថែរក្សាបាននូវសន្តិភាព សន្តិសុខសង្គម សណ្ដាប់ធ្នាប់សាធារណៈស្ថេរភាពនយោបាយរបស់ប្រទេសជាតិ នៅគ្រប់កាលៈទេសៈ ដើម្បីជាគ្រឹះសម្រាប់ការអភិវឌ្ឍប្រទេសលើគ្រប់វិស័យ និងសេចក្តីសុខសាន្តរបស់ប្រជាជនកម្ពុជា។

ក្រុមប្រឹក្សាធម្មនុញ្ញ កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២នេះ បានបើកកិច្ចប្រជុំ ពិនិត្យទៅលើសេចក្តីព្រាងច្បាប់នេះផងដែរ ដើម្បីរៀបចំសេចក្តីក្រាបបង្គំទូលថ្វាយមតិថ្វាយ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។ ក្រោយប្រជុំពិនិត្យពិច័យយ៉ាងល្អិតល្អន់រួចទៅ សមាជិកក្រុមប្រឹក្សាធម្មនុញ្ញទាំង៩សំឡេង បានសម្រេចជាឯកច្ឆ័ន្ទទូលថ្វាយមតិព្រះករុណាជាអម្ចាស់ជីវិតលើត្បូងថា សេចក្តីព្រាងច្បាប់ស្តីពីពីការធ្វើវិសោធនកម្មមាត្រាទាំង៨ខាងលើនេះ គឺអាចធ្វើទៅបាន ហើយពុំមានអ្វីប៉ះពាល់ដល់ប្រព័ន្ធប្រជាធិបតេយ្យ សេរីពហុបក្ស និងរបបរាជានិយមអាស្រ័យដោយរដ្ឋធម្មនុញ្ញឡើយ ព្រមទាំងធ្វើឡើងនៅពេលប្រទេសជាតិ មិនឋិតក្នុងភាពអាសន្ននោះឡើយ។

រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបានប្រកាសឱ្យប្រើកាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣ ត្រូវបានធ្វើវិសោធនកម្មជាបន្តបន្ទាប់ រាប់ទាំងពេលនេះផង គឺចំនួន ១០លើកហើយ។ ការធ្វើវិសោធនកម្មនេះ មានគោលបំណងធានាឱ្យបាននូវនិរន្តរភាពជាតិ ក៏ដូចជាធានានូវឧត្តមប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា។

សេចក្តីព្រាងច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្មមាត្រាទាំង៨ នៃរដ្ឋធម្មនុញ្ញ និងច្បាប់ធម្មនុញ្ញ ដែលក្រសួងយុត្តិធម៌បានបង្ហាញ មានខ្លឹមសារលំអិតដូចខាងក្រោម៖

មាត្រា១៩ ថ្មី(ពីរ)៖ ព្រះមហាក្សត្រទ្រង់តែងតាំងនាយករដ្ឋមន្ត្រី និងទ្រង់តែងតាំងគណៈរដ្ឋមន្ត្រី តាមបែបបទដែលមានចែងក្នុងមាត្រា១១៩ ថ្មី(ពីរ)។

មាត្រា៨៩ ថ្មី៖ តាមការសុំពីសមាជិកចំនួនមួយភាគដប់យ៉ាងតិច រដ្ឋសភាអាចអញ្ជើញសមាជិករាជរដ្ឋាភិបាលមួយរូប ឬច្រើនរូប អមដោយឥស្សរជនជាអ្នកជំនាញក្នុងវិស័យណាមួយ មកបំភ្លឺរដ្ឋសភាអំពីបញ្ហាដែលមានសារសំខាន់ពិសេស។

មាត្រា៩៨ ថ្មី(មួយ)៖ រដ្ឋសភាអាចទម្លាក់សមាជិកគណៈរដ្ឋមន្ត្រី ឬទម្លាក់រាជរដ្ឋាភិបាលពីតំណែង ដោយអនុម័តញត្តិបន្ទោស តាមសំឡេងឆ្នោតភាគច្រើនដាច់ខាតនៃចំនួនសមាជិករដ្ឋសភាទាំងមូល។ ក្នុងករណីដែលរាជរដ្ឋាភិបាល ត្រូវបានទម្លាក់ពីមុខតំណែងដោយរដ្ឋសភា រាជរដ្ឋាភិបាលដែលត្រូវចេញពីមុខតំណែងនេះ មានតែភារកិច្ចដឹកនាំការងារប្រចាំថ្ងៃតែប៉ុណ្ណោះ រហូតដល់មានរាជរដ្ឋាភិបាលថ្មីចូលកាន់តំណែង។

ញត្តិបន្ទោសរាជរដ្ឋាភិបាល ត្រូវបានលើកឡើងជូនរដ្ឋសភាដោយតំណាងរាស្ត្រចំនួនមួយភាគបីនៃចំនួនសមាជិករដ្ឋសភាទាំងមូល ទើបរដ្ឋសភាអាចលើកមកពិភាក្សាបាន។

មាត្រា១០២ ថ្មី(មួយ)៖ នីតិកាលរបស់ព្រឹទ្ធសភាមានកំណត់ ៦ឆ្នាំ ហើយត្រូវផុតកំណត់នៅពេលដែលព្រឹទ្ធសភាថ្មីចូលកាន់តំណែង។

ក្នុងពេលមានសង្គ្រាម ឬក្នុងកាលៈទេសៈពិសេសដទៃទៀត ដែលមិនអាចធ្វើការបោះឆ្នោតកើត ព្រឹទ្ធសភាអាចប្រកាសបន្តនីតិកាលរបស់ខ្លួនមួយដងបានមួយឆ្នាំ តាមសំណើរបស់ព្រះមហាក្សត្រ។

ការប្រកាសបន្តនីតិកាលរបស់ព្រឹទ្ធសភា ត្រូវសម្រេចដោយមតិយល់ព្រមពីរភាគបីយ៉ាងតិចនៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។

ក្នុងកាលៈទេសៈដូចបានរៀបរាប់ខាងលើ ព្រឹទ្ធសភាប្រជុំរាល់ថ្ងៃជាប់ជាប្រចាំ។ ព្រឹទ្ធសភាមានសិទ្ធិសម្រេចបញ្ចប់កាលៈទេសៈពិសេសខាងលើនេះ កាលបើសភាពការណ៍អនុញ្ញាត។ ប៉ុន្តែការសម្រេចបញ្ចប់កាលៈទេសៈពិសេសដែលប្រទេសជាតិស្ថិតក្នុងភាពអាសន្ន ព្រឹទ្ធសភាត្រូវសម្រេចរួមគ្នាជាមួយរដ្ឋសភា ក្នុងសមាជរដ្ឋសភា និងព្រឹទ្ធសភា វៀរលែងតែការអនុវត្តមាត្រា៨៦ នៃរដ្ឋធម្មនុញ្ញ។

បើព្រឹទ្ធសភាមិនអាចប្រជុំបានទេ ដោយមូលហេតុចាំបាច់ ជាអាទិ៍ នៅពេលដែលកម្លាំងបរទេសចូលមកកាន់កាប់ទឹកដី ការប្រកាសភាពអាសន្នត្រូវបន្តទៅមុខជាស្វ័យប្រវត្តិ។

មាត្រា១១៩ ថ្មី(ពីរ)៖ តាមសេចក្ដីស្នើពីគណបក្សដែលមានអាសនៈច្រើនជាងគេក្នុងរដ្ឋសភា ព្រះមហាក្សត្រទ្រង់ចាត់តាំងវរជនមួយរូបជានាយករដ្ឋមន្រ្តី ឱ្យបង្កើតរាជរដ្ឋាភិបាល។ សេចក្តីស្នើពីគណបក្សដែលមានអាសនៈច្រើនជាងគេក្នុងរដ្ឋសភានេះ ត្រូវចម្លងជូនប្រធានរដ្ឋសភា។ វរជនដែលនឹងត្រូវទទួលបានការចាត់តាំងជានាយករដ្ឋមន្ត្រីនេះ ត្រូវតែជាតំណាងរាស្ត្រដែលមានសញ្ជាតិខ្មែរតែមួយគត់ និងដែលត្រូវបានជ្រើសរើសចេញពីគណបក្សដែលមានអាសនៈច្រើនជាងគេក្នុងរដ្ឋសភា។ វរជនដែលត្រូវបានចាត់តាំងនេះ នាំសហការីដែលជាតំណាងរាស្ត្រ ឬជាសមាជិកគណបក្សតំណាងនៅក្នុងរដ្ឋសភាដែលផ្គូរផ្គងឱ្យកាន់តំណែងផ្សេងៗក្នុងរាជរដ្ឋាភិបាល ទៅសុំសេចក្តីទុកចិត្តពីរដ្ឋសភា។ ការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តនេះ ត្រូវធ្វើលើបញ្ជីសមាសភាពនៃគណៈរដ្ឋមន្ត្រីទាំងមូល។ កាលបើរដ្ឋសភាបានបោះឆ្នោតទុកចិត្តហើយនោះ ព្រះមហាក្សត្រទ្រង់ចេញព្រះរាជក្រឹត្យតែងតាំងគណៈរដ្ឋមន្ត្រីទាំងមូល។

មុនចូលកាន់តំណែង គណៈរដ្ឋមន្ត្រីត្រូវធ្វើសច្ចាប្រណិធាន ដូចមានខ្លឹមសារចែងក្នុងឧបសម្ព័ន្ធទី៦។

នៅពេលផុតនីតិកាលនីមួយៗរបស់រដ្ឋសភា រាជរដ្ឋាភិបាលដែលត្រូវចេញពីតំណែង មានតែភារកិច្ចដឹកនាំការងារប្រចាំថ្ងៃតែប៉ុណ្ណោះ រហូតដល់មានរាជរដ្ឋាភិបាលថ្មីចូលកាន់តំណែង។

មាត្រា១២៥ ថ្មី(មួយ)៖ ក្នុងករណីដែលនាយករដ្ឋមន្ត្រីអវត្តមានមួយកាលមួយគ្រា នាយករដ្ឋមន្ត្រីត្រូវចាត់តាំងឧបនាយករដ្ឋមន្ត្រីមួយរូប ឱ្យធ្វើជានាយករដ្ឋមន្ត្រីស្ដីទី ដើម្បីទទួលភារកិច្ចដឹកនាំគណៈរដ្ឋមន្ត្រីជំនួសជាបណ្ដោះអាសន្ន។

បើតំណែងនាយករដ្ឋមន្ត្រីនៅទំនេរជាស្ថាពរ ដោយហេតុជាអាទិ៍មកពីការទទួលអនិច្ចកម្ម ឬការលាលែងពីមុខតំណែង គណៈរដ្ឋមន្ត្រីថ្មីមួយត្រូវតែងតាំងជាបន្ទាន់ ក្នុងលក្ខខណ្ឌដែលមានចែងក្នុងរដ្ឋធម្មនុញ្ញនេះ។ ប្រធានរដ្ឋសភាត្រូវកោះប្រជុំរដ្ឋសភាជាបន្ទាន់ និងត្រូវធ្វើចំណាត់ការចាំបាច់ដទៃទៀតដោយរួសរាន់ ក្នុងរយៈវេលា ៧ថ្ងៃយ៉ាងយូរ បន្ទាប់ពីបានទទួលសំណើពីគណបក្សដែលមានអាសនៈច្រើនជាងគេក្នុងរដ្ឋសភា។

ក្នុងករណីតំណែងនាយករដ្ឋមន្ត្រីនៅទំនេរជាស្ថាពរ ដោយហេតុមកពីការទទួលអនិច្ចកម្មគណៈរដ្ឋមន្ត្រីដែលត្រូវចេញពីតំណែង ក្រោមការដឹកនាំរបស់ឧបនាយករដ្ឋមន្ត្រីដែលទទួលបានការចាត់តាំងជានាយករដ្ឋមន្ត្រីស្តីទី មានតែភារកិច្ចដឹកនាំការងារប្រចាំថ្ងៃតែប៉ុណ្ណោះ រហូតដល់មានគណៈរដ្ឋមន្ត្រីថ្មីចូលកាន់តំណែង។

ការលាលែងពីមុខតំណែងរបស់នាយករដ្ឋមន្ត្រី ត្រូវធ្វើឡើងតាមលិខិតលាលែងពីមុខតំណែងដែលត្រូវផ្ញើថ្វាយព្រះមហាក្សត្រ និងចម្លងជូនប្រធានរដ្ឋសភា។ ក្នុងករណីនេះ គណៈរដ្ឋមន្ត្រីដែលត្រូវចេញពីតំណែង ត្រូវបន្តដឹកនាំការងាររបស់រាជរដ្ឋាភិបាល រហូតដល់គណៈរដ្ឋមន្ត្រីថ្មីចូលកាន់តំណែង។

ដោយឡែកមាត្រាចំនួនពីរ នៃច្បាប់ធម្មនុញ្ញមានចែងដូចខាងក្រោម៖

មាត្រា៣ ថ្មី និងមាត្រា៤ ថ្មី នៃច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិត្រូវបានធ្វើវិសោធនកម្ម ដូចតទៅ៖

មាត្រា៣ ថ្មី(មួយ)៖ ក្នុងករណីដែលឃើញថានីតិវិធីនៃមាត្រា៨២ ថ្មី(មួយ) និងមាត្រា១១៩ ថ្មី(ពីរ) នៃរដ្ឋធម្មនុញ្ញ មិនអាចសម្រេចបាន រដ្ឋសភា តាមសំណើរបស់គណបក្សដែលមានអាសនៈច្រើនជាងគេក្នុងរដ្ឋសភាអាចដំណើរការការបោះឆ្នោតជាកញ្ចប់ ដើម្បីជ្រើសតាំងប្រធាន អនុប្រធានរដ្ឋសភា ក៏ដូចជាប្រធាន និងអនុប្រធានគណៈកម្មការក្នុងពេលជាមួយគ្នានឹងការផ្ដល់សេចក្តីទុកចិត្តចំពោះរាជរដ្ឋាភិបាល។

មាត្រា៤ ថ្មី(មួយ)៖ ការរៀបចំបញ្ជីរាយនាមសមាសភាព ដើម្បីបោះឆ្នោតជ្រើសតាំង និងផ្តល់សេចក្តីទុកចិត្តត្រូវអនុវត្តដូចតទៅ៖

– បញ្ជីរាយនាមសមាសភាពប្រធាន និងអនុប្រធាននៃរដ្ឋសភា ក៏ដូចជាប្រធាន និងអនុប្រធានគណៈកម្មការជំនាញទាំងអស់នៃរដ្ឋសភា ត្រូវរៀបចំ និងស្នើដោយគណបក្សនយោបាយដែលមានអាសនៈច្រើនជាងគេក្នុងរដ្ឋសភា ហើយត្រូវផ្ញើជូនព្រឹទ្ធសមាជិករដ្ឋសភា។ ប្រធានរដ្ឋសភា ត្រូវជ្រើសរើសចញពីសមាជិករដ្ឋសភាដែលមានសញ្ជាតិខ្មែរតែមួយគត់។

– តាមសេចក្ដីស្នើពីគណបក្សនយោបាយ ដែលមានអាសនៈច្រើនជាងគេក្នុងរដ្ឋសភា ព្រះមហាក្សត្រទ្រង់ចាត់តាំងវរជនមួយរូបជានាយករដ្ឋមន្ត្រី ឱ្យបង្កើតរាជរដ្ឋាភិបាល។ វរជនដែលនឹងត្រូវទទួលបានការចាត់តាំងជានាយករដ្ឋមន្ត្រីនេះ ត្រូវតែជាតំណាងរាស្ត្រដែលមានសញ្ជាតិខ្មែរតែមួយគត់ និងដែលត្រូវបានជ្រើសរើសចេញពីគណបក្សនយោបាយ ដែលមានអាសនៈច្រើនជាងគេក្នុងរដ្ឋសភា។ វរជនដែលត្រូវបានចាត់តាំងនេះ ត្រូវរៀបចំផ្នូរផ្គងតំណែងផ្សេងៗក្នុងរាជរដ្ឋាភិបាល រួចផ្ញើបញ្ជីរាយនាមសមាជិកទាំងអស់នៃរាជរដ្ឋាភិបាលជូនព្រឹទ្ធសមាជិករដ្ឋសភា។

– ព្រឹទ្ធសមាជិករដ្ឋសភាត្រូវរៀបចំជាបន្ទាន់ និងដោយឥតបង្អង់នូវបញ្ជីរាយនាមជាកញ្ចប់មួយដែលរួមមានសមាសភាពប្រធាន និងអនុប្រធាននៃរដ្ឋសភា ក៏ដូចជាប្រធាន និងអនុប្រធានគណៈកម្មការជំនាញទាំងអស់នៃរដ្ឋសភា ព្រមទាំងនាយករដ្ឋមន្ត្រីដែលត្រូវបានចាត់តាំងដោយព្រះមហាក្សត្រ និងសមាជិកទាំងអស់នៃរាជរដ្ឋាភិបាល ដើម្បីដាក់ជូនរដ្ឋសភាបោះឆ្នោត។ ព្រឹទ្ធសមាជិករដ្ឋសភាត្រូវដឹកនាំព្រឹទ្ធសមាជិករដ្ឋសភា ត្រូវដឹកនាំប្រជុំរដ្ឋសភា ដើម្បីបោះឆ្នោតអនុម័តបញ្ជីនេះជាបន្ទាន់។

– ព្រឹទ្ធសមាជិករដ្ឋសភាត្រូវបានជ្រើសរើសដោយកំណត់យកសមាជិករដ្ឋសភា ដែលមានអាយុច្រើនជាងគេក្នុងចំណោមសមាជិករដ្ឋសភាទាំងអស់។ ក្នុងករណីដែលព្រឹទ្ធសមាជិករដ្ឋសភារូបនេះ មិនអាចអនុវត្តមុខងាររបស់ខ្លួនបាន មុខតំណែងព្រឹទ្ធសមាជិករដ្ឋសភាត្រូវប្រគល់ទៅសមាជិករដ្ឋសភាដទៃទៀត ដែលមានអាយុច្រើនក្នុងលំដាប់បន្តបន្ទាប់៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |