ទាន់ហេតុការណ៍
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានទទួលជួបពិភាក្សាការងារជាមួយប្រតិភូមូលនីធិ Yellow River Delta Fund និង —————- - ខេត្តកំពង់ឆ្នាំង បានបិទបញ្ចប់ការវាស់វែងក្បាលដី ចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធហើយ។ - ស្នាមញញឹមប្រជាជន ជាក្តីសុខរបស់ថ្នាក់ដឹកនាំគ្រប់រូប ❤️️???????? - ស្ថានីយ៍ផ្សព្វផ្សាយ និងស្តារព្រៃឈើកន្ទួត ស្ថិតក្នុងខេត្តក្រចេះ មានទំហំ ២៣៧.៦៧ ហិកតា (ក្បាលដីលេខ ១៦) ត្រូវបានចុះបញ្ជីជាដីរដ្ឋ។ ——————————— - សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងសាធារណការ និងដឹកជញ្ជូន ចាត់ទុកកិច្ចការអាទិភាពទីមួយមាន កំពង់ផែ ព្រលានយន្តហោះ ផ្លូវតភ្ជាប់ ហេដ្ឋារចនាសម្ព័ន្ធជនបទចាំបាច់ គឺជាកិច្ចការស្នូលនៅក្នុងកិច្ចការនគរូបនីយកម្ម សំដៅកសាងបាននូវខឿនសេដ្ឋកិច្ចចាំបាច់សម្រាប់សង្គមជាតិកម្ពុជា និងធានាបាននូវដំណើរការសេដ្ឋកិច្ចសង្គមរបស់កម្ពុជាសម្រាប់រយៈពេលយូរអង្វែង។ - កិច្ចប្រជុំលើការអនុម័តសម្រេចផ្តល់ជូនការស្នើសេវាសាធារណៈតាមប្រព័ន្ធអនឡាញរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ———————————————— - កម្មវិធីអាជីវកម្មចល័ត​ និងកម្មករសំណង់​នៃសហភាពសហព័ន្ធយុវជនកម្ពុជា​រាជធានីភ្នំពេញ​ បានរៀបចំកិច្ចប្រជុំបូកសរុបការងារត្រីមាសទី១ និងការងារពង្រឹងរចនាសម្ព័ន្ធ - ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង ——————— - អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship
0

សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៦ ក្រោមប្រធានបទ «ភាពស្អិតរមួត និងការឆ្លើយតប»

សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៦ ក្រោមប្រធានបទ «ភាពស្អិតរមួត និងការឆ្លើយតប»

(ភ្នំពេញ)៖ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៦ ក្រោមប្រធានបទ «ភាពស្អិតរមួត និងការឆ្លើយតប» ដែលធ្វើឡើងតាមរយៈប្រព័ន្ធវីដេអូ នៅវិមានសន្តិភាព។

កិច្ចប្រជុំនេះធ្វើឡើងតបតាមការអញ្ជើញរបស់ លោក ង្វៀន សួនហ្វុក នាយករដ្ឋមន្ត្រីវៀតណាម។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងថា ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៦នេះ ថ្នាក់ដឹកនាំនឹងផ្តោតការយកចិត្តទុកដាក់លើកិច្ចខិតខំប្រឹងប្រែងរួមរបស់អាស៊ាន ក្នុងការដោះស្រាយជំងឺរាតត្បាតជាសកលកូវីដ-១៩ និងការលើកកម្ពស់ការស្តារសេដ្ឋកិច្ច-សង្គមក្រោយជំងឺកូវីដ-១៩។

កិច្ចប្រជុំក៏នឹងពិភាក្សាលើវិធី និងមធ្យោបាយនានា ដើម្បីសម្រេចបាននូវចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០២៥ និងទំនាក់ទំនងរបស់អាស៊ានជាមួយដៃគូខាងក្រៅ និងសហគមន៍ពិភពលោក។

ក្នុងសេចក្តីប្រកាសព័ត៌មានបានឱ្យដឹងផងដែរថា សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏នឹងអញ្ជើញចូលរួមកិច្ចប្រជុំមួយចំនួនទៀត រួមមាន៖ សម័យប្រជុំពិសេសរបស់ថ្នាក់ដឹកនាំអាស៊ាន នាឱកាសកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៦ ស្តីពីការលើកកម្ពស់តួនាទីស្រ្តីក្នុងយុគសម័យឌីជីថល, កិច្ចប្រជុំថ្នាក់ដឹកនាំអាស៊ានជាមួយតំណាងអន្តរសភាអាស៊ាន, កិច្ចប្រជុំថ្នាក់ដឹកនាំអាស៊ានជាមួយតំណាងយុវជនអាស៊ាន និងកិច្ចប្រជុំថ្នាក់ដឹកនាំអាស៊ានជាមួយតំណាងក្រុមប្រឹក្សាផ្តល់យោបល់ធុរកិច្ចអាស៊ាន។

ក្រសួងការបរទេស បានឱ្យដឹងថា អញ្ជើញអមសម្តេចតេជោនាយករដ្ឋមន្ត្រីចូលរួមក្នុងកិច្ចប្រជុំ រួមមាន៖ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម, លោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា, លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងលោកស្រី អ៉ឹង កន្ថាផាវី រដ្ឋមមន្ត្រីក្រសួងកិច្ចការនារី ព្រមទាំងឥស្សរជនជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាមួយចំនួនផងដែរ។

សូមបញ្ជាក់ថា សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍បង្កើតឡើងនៅថ្ងៃទី៨ ខែសីហា ឆ្នាំ១៩៦៧។ ដំបូងឡើយមានប្រទេសចំនួន៥ គឺប្រទេស ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ហ្វីលីពីន សិង្ហបុរី និងប្រទេសថៃ។ ប្រទេសស្ថាបនិកទាំងនោះលើកលែងប្រទេសថៃ សុទ្ធសឹងតែជាដែនដីដែលទើបទទួលបានអធិបតេយ្យភាពថ្មីថ្មោងពីនឹមអាណានិគមក្នុងសម័យនោះ។

គួបផ្សំនឹងការចាប់ផ្ដើមនៃសង្គ្រាមត្រជាក់ផង ទើបជំរុញឱ្យប្រទេសទាំងប្រាំរួមគ្នាបង្កើតសមាគមនេះឡើង ដោយមានគោលដៅរួមជំរុញឲ្យមានសន្តិភាព ស្ថិរភាព កំណើនសេដ្ឋកិច្ច រួមទាំងការអភិវឌ្ឍសង្គម និងវប្បធម៌ ក្នុងតំបន់អាស៊ីអាគ្នេយ៍ទាំងមូល។ ចាប់ពីឆ្នាំ១៩៨៤មក ទើបបណ្ដាប្រទេសដទៃប្រាំទៀតបានចូលជាសមាជិក។ ប្រទេសទាំង៥នោះរួមមាន៖ ប្រ៊ុយណេ វៀតណាម ឡាវ មីយ៉ាន់ម៉ា និងកម្ពុជា (៣០ មេសា ១៩៩៩)។

កិច្ចប្រជុំកំពូលអាស៊ាន គឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំដ៏មានសារៈសំខាន់ និងចាំបាច់មួយនៅក្នុងតំបន់។ កិច្ចប្រជុំនេះតែងតែប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំនៅតាមបណ្តាប្រទេសដែលទទួលភារកិច្ចជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ។ មេដឹកនាំប្រទេសជាសមាជិកតែងជួបជុំគ្នាក្នុងព្រឹត្តិការណ៍នេះ តែសម្រាប់ឆ្នាំ២០២០នេះ ព្រោះតែជំងឺកូវីដ១៩ មេដឹកនាំទាំងអស់ត្រូវជួបប្រជុំគ្នាតាមប្រព័ន្ធវីដេអូជំនួសវិញ។

សូមបញ្ជាក់ដែរថា នៅមុនពេលឈានដល់កិច្ចប្រជុំកំពូលអាស៊ាននេះ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្ដិការអន្ដរជាតិ ក៏បានអញ្ជើញចូលរួមកិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្រ្ដីការបរទេសអាស៊ាន កិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍នយោបាយ-សន្ដិសុខលើកទី២១ និងកិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួលអាស៊ានលើកទី២៦ តាមរយៈប្រព័ន្ធវីដេអូផងដែរ។

ក្រសួងការបរទេសបានឱ្យដឹងថា ក្នុងកិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការបរទេសអាស៊ាន បានកត់សម្គាល់ចំពោះការកើនឡើងនូវចំណាប់អារម្មណ៍កាន់តែខ្លាំង ពីដៃគូខាងក្រៅ ក្នុងការភ្ជាប់ទំនាក់ទំនងឡើងជាមួយអាស៊ាន។ រដ្ឋមន្ត្រីការបរទេសអាស៊ាន ក៏បានផ្លាស់ប្ដូរទស្សនៈគ្នាទាក់ទងទៅនឹងបញ្ហាតំបន់ និងអន្ដរជាតិ ដូចជាស្ថានការណ៍នៅឧបទ្វីបកូរ៉េ រដ្ឋរ៉ាខាញ និងការវិវឌ្ឍនៅសមុទ្រចិនខាងត្បូង។

រដ្ឋមន្ត្រីការបរទេសអាស៊ាន បានចែករំលែកទស្សនៈលើសារៈសំខាន់នៃការពង្រឹងមជ្ឈភាពអាស៊ាន ក្នុងការវិវឌ្ឍនិម្មាបនកម្មក្នុងតំបន់ ពង្រឹងសន្ដិភាព និងស្ថិរភាពក្នុងតំបន់ ជាពិសេសការពន្លឿនការងារ ដើម្បីផ្សារភ្ជាប់កិច្ចសហប្រតិបត្ដិការឱ្យកាន់តែជិតស្និទ្ធក្នុងអាស៊ាន ដែលឆ្លើយតបជាមួយស្ថានភាពងើបឡើងវិញពីជំងឺកូវីដ-១៩។

ដោយឡែកលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានថ្លែងចែករំលែកទស្សនៈផងដែរ។ លោក ប្រាក់ សុខុន បានលើកឡើងថា ក្រៅពីបញ្ហាប្រឈមនៃជំងឺរាតត្បាត និងសង្គម-សេដ្ឋកិច្ចអាស៊ានហើយនោះ អាស៊ានក៏កំពុងទទួលរងនូវភាពលំបាកលើភូមិសាស្រ្ដនយោបាយ បណ្ដាលមកពីការប្រកួតប្រជែងយុទ្ធសាស្រ្ដកាន់តែខ្លាំងឡើងរបស់ប្រទេសមហាអំណាច។

លោកឧបនាយករដ្ឋមន្ត្រី បានលើកឡើងទៀតថា ថ្វីបើមានសម្ពាធលើមជ្ឈភាពអាស៊ានក្ដី ប្រទេសសមាជិកអាស៊ាន គឺមិនមានចំណាប់អារម្មណ៍ក្នុងការជ្រើសរើសភាគីមហាអំណាចណាមួយ ហើយបន្ដគាំទ្រលើប្រព័ន្ធពហុភាគីនិយម ផ្អែកលើច្បាប់ ដែលតែងបន្ដរងការវាយប្រហារ។

ចំពោះស្ថានភាពរដ្ឋរ៉ាខាញវិញ កម្ពុជា បានលើកទឹកចិត្ដចំពោះការបន្ដកិច្ចសន្ទនារបស់ភាគីពាក់ព័ន្ធ ដើម្បីធានាបាននូវការរៀបចំដំណើរមាតុភូមិនិវត្ដន៍ ប្រកបដោយ សុវត្ដិភាព សណ្ដាប់ធ្នាប់ និងសេចក្ដីថ្លៃថ្នូរ។

ចំពោះបញ្ហានៅឧបទ្វីបកូរ៉េ កម្ពុជា បានគូសបញ្ជាក់អំពីសារៈសំខាន់នៃតួនាទីរបស់អាស៊ាន ជាពិសេសតាមរយៈយន្តការវេទិកាតំបន់អាស៊ាន និងវិធានការកសាងទំនុកចិត្តផ្សេងៗ ក្នុងការជំរុញឱ្យមានការវិវត្តជាវិជ្ជមាននៅឧបទ្វីបកូរ៉េ។ កម្ពុជា បានកោតសរសើរចំពោះគំនិតផ្តួចផ្តើមថ្មីៗ រួមគ្នារវាងប្រទេសរុស្ស៊ី អាមេរិក ចិន និងជប៉ុនក្នុងការបង្កើតផែនការសកម្មភាព។

ចំពោះបញ្ហាសមុទ្រចិនខាងត្បូង កម្ពុជាក្នុងនាមជារដ្ឋ ដែលមិនទាមទារអធិបតេយ្យនៅក្នុងសមុទ្រចិនខាងត្បូង សូមរក្សាភាពអព្យាក្រឹតលើបញ្ហាជម្លោះទឹកដី ហើយកម្ពុជាសង្ឃឹមថា ភាគីពាក់ព័ន្ធគួរបន្តរក្សាបរិយាកាសអំណោយផលក្នុងការថែរក្សាសន្តិភាព សន្តិសុខ និងស្ថិរភាពនៅក្នុងតំបន់ដែលនឹងចូលរួមចំណែកដល់ការបញ្ចប់ការចរចាលើក្រមប្រតិបត្តិនៅក្នុងសមុទ្រចិនខាងត្បូង។

សម្រាប់កិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សន្តិសុខ-នយោបាយអាស៊ាន (APSC) លើកទី២១វិញ កិច្ចប្រជុំបានកត់សំគាល់អំពីវឌ្ឍនភាពនៃការអនុវត្តផែនការលម្អិតនៃសហគមន៍សន្តិសុខ-នយោបាយអាស៊ានដែលសកម្មភាពចំនួន ៩៦% នៃផែនការសកម្មភាពខាងលើត្រូវបានអនុវត្ត។ កិច្ចប្រជុំទន្ទឹងរង់ចាំការបញ្ចប់របាយការណ៍ត្រួតពិនិត្យពាក់កណ្តាលអាណត្តិនៃចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០២៥ ដែលរួមទាំងផែនការលម្អិតនៃសហគមន៍នយោបាយ-សន្តិសុខអាស៊ាន ឆ្នាំ២០២៥។

លោកឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីតួនាទីសំខាន់របស់មជ្ឈមណ្ឌលតំបន់អាស៊ានសម្រាប់សកម្មភាពមីន (ARMAC) ក្នុងការលើកកម្ពស់ការយល់ដឹងអំពីគ្រោះថ្នាក់នៃសំណល់ជាតិផ្ទុះពីសង្គ្រាមនៅក្នុងតំបន់ និងពិភពលោក ការផ្តល់ជំនួយផ្នែកវេជ្ជសាស្ដ្រ និងនីតិសម្បទា ដល់ជនរងគ្រោះដោយសារសំណល់ជាតិផ្ទុះពីសង្គ្រាម ព្រមទាំងការសម្របសម្រួលដល់ប្រទេសសមាជិកអាស៊ាន ក្នុងការស្រាវជ្រាវ ចែករំលែកចំណេះដឹងអំពីផលប៉ះពាល់នៃសំណល់ជាតិផ្ទុះពីសង្គ្រាម និងកិច្ចខិតខំប្រឹងប្រែងដើម្បីដោះស្រាយបញ្ហាទាំងនោះ។

លោកឧបនាយករដ្ឋមន្ត្រី ក៏បានលើកឡើងថា ចាប់តាំងពីឆ្នាំ២០១៧-២០១៩ កម្ពុជាដែលជាប្រទេសម្ចាស់ផ្ទះនៃមជ្ឈមណ្ឌលបានផ្តល់វិភាគទានចំនួន ៦៧៥ ០០០ ដុល្លារអាមេរិក ដើម្បីធានានិរន្តរភាពនៃដំណើរការរបស់មជ្ឈមណ្ឌល និងជំរុញឱ្យមានការចូលរួមចំណែកឱ្យបានគ្រប់គ្រាន់របស់អាស៊ានដើម្បីធានានិរន្តរភាពនៃដំណើរការមជ្ឈមណ្ឌល។

សម្រាប់កិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួលអាស៊ានលើកទី ២៦ (ACC) បានពិភាក្សាអំពីការត្រៀមរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៦ និងកិច្ចប្រជុំពាក់ព័ន្ធនានា និងអនុម័តលើលក្ខខណ្ឌប្រតិបត្តិនៃមូលនិធិអាស៊ានឆ្លើយតបជំងឺកូវីដ១៩ ព្រមទាំងបានឯកភាពលើភាពចាំបាច់ក្នុងការជំរុញឱ្យមានកិច្ចប្រឹងប្រែងគ្រប់ជ្រុងជ្រោយ របស់អាស៊ានដើម្បីស្តារឡើងវិញពីផលប៉ះពាល់ដោយសារជំងឺកូវីដ១៩៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |