ទាន់ហេតុការណ៍
ខេត្តកំពង់ឆ្នាំង បានបិទបញ្ចប់ការវាស់វែងក្បាលដី ចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធហើយ។ - ស្នាមញញឹមប្រជាជន ជាក្តីសុខរបស់ថ្នាក់ដឹកនាំគ្រប់រូប ❤️️???????? - ស្ថានីយ៍ផ្សព្វផ្សាយ និងស្តារព្រៃឈើកន្ទួត ស្ថិតក្នុងខេត្តក្រចេះ មានទំហំ ២៣៧.៦៧ ហិកតា (ក្បាលដីលេខ ១៦) ត្រូវបានចុះបញ្ជីជាដីរដ្ឋ។ ——————————— - សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងសាធារណការ និងដឹកជញ្ជូន ចាត់ទុកកិច្ចការអាទិភាពទីមួយមាន កំពង់ផែ ព្រលានយន្តហោះ ផ្លូវតភ្ជាប់ ហេដ្ឋារចនាសម្ព័ន្ធជនបទចាំបាច់ គឺជាកិច្ចការស្នូលនៅក្នុងកិច្ចការនគរូបនីយកម្ម សំដៅកសាងបាននូវខឿនសេដ្ឋកិច្ចចាំបាច់សម្រាប់សង្គមជាតិកម្ពុជា និងធានាបាននូវដំណើរការសេដ្ឋកិច្ចសង្គមរបស់កម្ពុជាសម្រាប់រយៈពេលយូរអង្វែង។ - កិច្ចប្រជុំលើការអនុម័តសម្រេចផ្តល់ជូនការស្នើសេវាសាធារណៈតាមប្រព័ន្ធអនឡាញរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ———————————————— - កម្មវិធីអាជីវកម្មចល័ត​ និងកម្មករសំណង់​នៃសហភាពសហព័ន្ធយុវជនកម្ពុជា​រាជធានីភ្នំពេញ​ បានរៀបចំកិច្ចប្រជុំបូកសរុបការងារត្រីមាសទី១ និងការងារពង្រឹងរចនាសម្ព័ន្ធ - ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង ——————— - អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship - លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យក្រសួងរៀបចំដែនដី​នគរូបនីយកម្ម​និងសំណង់​​ រួមជាមួយតំណាងក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ត្រាច រដ្ឋបាលខេត្តកំពត និងអាជ្ញាធរស្រុក បានចុះនាំយកជីកសិកម្មដែលជាអំណោយរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ជូនបងប្អូនកសិករដែលកំពុងដាំបន្លែនៅភូមិកោះផ្តៅឃុំកំពង់ត្រាចខាងលិច។
0

សម្តេចតេជោ ហ៊ុន សែន រៀបរាប់អំពីការឈឺចាប់ដែលមិនអាចបំភ្លេចបាន នៃការបាត់បង់កូនប្រុសដ៏កំសត់ ចំខួប៤៥ឆ្នាំ

សម្តេចតេជោ ហ៊ុន សែន រៀបរាប់អំពីការឈឺចាប់ដែលមិនអាចបំភ្លេចបាន នៃការបាត់បង់កូនប្រុសដ៏កំសត់ ចំខួប៤៥ឆ្នាំ

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានរៀបរាប់អំពីការឈឺចាប់ដែលមិនអាចបំភ្លេចបាន នៃការបាត់បង់កូនប្រុសដ៏កំសត់ម្នាក់ឈ្មោះ «ហ៊ុន កំសត់» ដែលចំនឹងខួប៤៥ឆ្នាំ នៃការស្លាប់យ៉ាងវេទនារបស់ទារកហ៊ុន កំសត់ នៅក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត (១០ វិច្ឆិកា ១៩៧៦-១០ វិច្ឆិកា ២០២១)។

តាមរយៈបណ្តាញសង្គមហ្វេសប៊ុក សម្តេចតេជោ ហ៊ុន សែន បានរំលឹករឿងរ៉ាវយ៉ាងដូូច្នេះថា៖

«កូនប្រុសដ៏កំសត់របស់ពុកថ្ងៃនេះជាខួប ៤៥ឆ្នាំ នៃការស្លាប់យ៉ាងវេទនារបស់កូន នៅក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត (១០ វិច្ឆិកា ១៩៧៦-១០ វិច្ឆិកា ២០២១)»។ ពុក និងម៉ែកូន មិនដែលភ្លេចទេនូវសោកនាដកម្មដែលបានកើតឡើងចំពោះរូបកូន ព្រមទាំងពុកនិងម៉ែនោះទេ។ ការរៀបចំឡើងនូវផ្នូររបស់កូន និងចម្រៀង «អនិច្ចារកូនកំសត់ប្រវត្តិម្ដាយកម្ម» «ទំនួញកំសត់ប្រវត្តិវិទ្យាល័យ» និង «ព្រលឹងកំសត់» ដែលពុកម៉ែបានធ្វើឡើងក្នុងបំណងរំលឹកដល់វិញ្ញាណក្ខន្ឋកូន និងការឈឺចាប់នាពេលនោះ។
ពុកនៅចាំបានយ៉ាងច្បាស់ថា ក្រោយម៉ោង៦ព្រឹក ថ្ងៃទី១០ ខែវិច្ចិកា ឆ្នាំ១៩៧៦ ក្រោយពេលកូនប្រសូត្រចាកផ្ទៃម្តាយកូន គ្រូពេទ្យបានធ្វើឱ្យកូនរបូតធ្លាក់ពីដៃត្រូវនឹងជ្រុងគ្រែធ្វើឱ្យកូនបាក់ឆ្អឹងខ្នងធ្លាក់ដល់ដីគាប់ជួនពុកបានធ្វើដំណើរពីភូមិកោះថ្មឃុំទន្លូង ទៅដល់មន្ទីរពេទ្យតំបន់ដែលតាំងនៅអតីតអនុវិទ្យាល័យស្រុកមេមត់។

ម្តាយកូនឆ្លងទន្លេម្នាក់ឯងដោយមិនមានពុកនៅមើលថែទេ។ ពុកមិនបានបំពេញការងារជាប្តី ជាឪពុកទេ ព្រោះពេលនោះមិនថាតែពុកនោះទេ គឺប្រជាជនទូទាំងប្រទេសមានសិទ្ឋិតិចជាងសត្វឆ្កែឬឆ្មាទៅទៀត។ ឆ្កែ ឆ្មាវាមានសិទ្ឋិការពារកូនវាច្រើនជាងមនុស្ស។ តែដូចទេវតាបានជួយរៀបចំឱ្យពុកបានធ្វើដំណើរជាមួយមេបញ្ជាការទៅកាន់ស្រុកត្បូងឃ្មុំនាពេលនោះ ដែលពុកមានឱកាសចូលមើល ម្តាយកូននៅមន្ទីរពេទ្យប្រចាំស្រុកមេមត់។

ភាពតក់ស្លុតបានកើតឡើងចំពោះរូបពុកនៅពេលដែលពុកឈានជើងចូលដល់មន្ទីរពេទ្យ ហើយត្រូវអ្នកជម្ងឺដែលសម្រាកជាមួយម្តាយកូនស្រែកប្រាប់ថា “រ៉ានីឆ្លងទន្លេ ហើយកូនស្លាប់ហើយ”។ ពុកប្រឹងរត់ទៅរកកូនឃើញឈាមកូនកំពុងហូរចេញតាមមាត់ ពុកប្រឹងស្រែកឱ្យគេជួយដើម្បីសង្គ្រោះជីវិតកូន ក្នុងពេលដែលម្តាយកូនសន្លប់មិនទាន់ដឹងខ្លួន និងមិនទាន់ដឹងថាកូនស្លាប់នៅឡើយ អាស្រ័យដោយនៅបន្ទប់នៅផ្សេងគ្នា។

ពុកអត់ធ្វើអ្វីបានទេកូន ពុកបានសុំមេបញ្ជាការឃោរឃៅ ដើម្បីយកសពកូនទៅកប់នឹងនៅមើលថែទាំ ម្តាយកូនក្រោយឆ្លងទន្លេ។ មិនត្រឹមតែមិនបានទទួលការអនុញ្ញាតប៉ុណ្ណោះទេ តែពុកត្រូវរងនូវការប្រមាថយ៉ាងធ្ងន់ធ្ងរទៀតផង «កម្មសិទ្ឋិមនោសញ្ចេតនាក្រាស់» «មិត្តឯងមិនមែនគ្រូពេទ្យទេ» «បើមិត្តឯងនៅ ក៏អាកូននេះមិនរស់ឡើងវិញដែរ» «មានពេទ្យយកខ្មោចកូននេះទៅកប់ហើយ មិនបាច់កប់ខ្លួនឯងទេ» «ការងារអង្គការសំខាន់ជាងការងារបុគ្គល»។ល។

ឈឺចាប់ណាស់កូន តែពុកត្រូវទ្រាំអត់ធ្មត់ព្រោះការងារដែលពុកត្រូវធ្វើ គឺរំដោះប្រជាជនកម្ពុជាទូទាំងប្រទេសចេញពីរបបឃោរឃៅនេះ។ ពុកពុំមានអ្វីផ្តល់ឱ្យកូនក្រៅតែពីក្រម៉ា១ ដែលដោះចេញពីកពុកដើម្បីរុំខ្មោចកូននោះទេ។ ពុកខំប្រឹងទៅរកម្តាយកូនដែលទើបដឹងខ្លួនបន្ទាប់ពីសន្លប់ ហើយប្រាប់គាត់ថា កូនស្លាប់ហើយនឹងដាក់ឈ្មោះកូនថា «កំសត់»។ ឈ្មោះនេះនៅជាប់ជានិច្ចក្នុងវិញ្ញាណពុក ហើយកូន កំសត់នេះហាក់តាមថែរក្សាពុកម៉ែគ្រប់ពេលវេលា។

ពួកគេបង្ខំឱ្យពុកចាកចេញពីម្តាយកូននិងខ្មោចកូនទាំងការឈឺចាប់ជាមួយទឹកភ្នែករាប់ម៉ឺនដំណក់។ ៣ថ្ងៃក្រោយមកទើបពុកបានការអនុញ្ញាតទៅជួបម្តាយកូនសារជាថ្មីដែលកំពុងមានជម្ងឺជាទម្ងន់ ដែលខ្មែរយើងនិយមហៅថា ”សល់សុក”។ ពុកត្រូវយកម្តាយកូនចេញពីពេទ្យដើម្បីឱ្យឆ្មបបុរាណខ្មែរកាយទម្លាក់សុកចេញ ទើបសង្គ្រោះជីវិតម្ដាយកូនបាន។ ពុកសុំទោសកូន ដែលពុកមិនដឹងថា សាកសពកូនគេយកទៅកប់ ឬបោះចោលនៅទីណា ព្រោះការងារបន្ទាន់របស់ពុក គឺត្រូវយកម្តាយកូនចេញពីមន្ទីរពេទ្យទៅព្យាបាលតាមបែបបុរាណវិញ។ ពុកពុំមានពេលស្វែងរកសាកសពកូននៅពេលនោះទេ សង្ឃឹមថាកូនយោគយល់ ហើយមកនៅផ្នូរដែលពុកម៉ែបានសាងសង់សំរាប់កូនតាំងពីទសវត្សឆ្នាំ ១៩៨០ មក។

រៀងរាល់ពេលដែលពុកនឹកដល់រឿងដ៏ឈឺចាប់នេះ ទឹកភ្នែកពុកតែងតែហូរចេញមក នេះជាទឹកភ្នែកនឹកដល់កូនកំសត់ ជាទឹកភ្នែកនឹកដល់ការឈឺចាប់លើសពីការអត់ធ្មត់បានរបស់មនុស្ស ជាទឹកភ្នែកនឹកដល់ប្រជាជនកម្ពុជារាប់លាននាក់ដែលត្រូវពួកប៉ុលពត សម្លាប់ និងធ្វើបាបដូចក្រុមគ្រួសារយើងដែរ។

កន្លងមកប្អូនប្រុសប្អូនស្រី និងក្មួយៗរបស់កូនបានទៅដល់ផ្នូរកូន ហើយពុកម៉ែក៏បានរៀបចំបង្សុកូលឱ្យ កូនផងដែរ។ កូន កំសត់ សូមព្រលឹងកូនបន្តតាមថែរក្សាពុក ម៉ែ ប្អូនៗ និងក្មួយៗរបស់កូនតទៅទៀត។

ពុកនៅតែសូមការយោគយល់ពីកូនដែលមិនបានយកសពកូនទៅបញ្ចុះដោយខ្លួនឯង។ ពុកត្រូវអត់ធ្មត់ និងធ្វើតាមបញ្ជាររបស់ពួកឃាតករ «តែការអត់ធ្មត់នោះហើយដែលរក្សាជីវិតពុក និងម៉ែកូន ព្រមទាំងផ្តល់ឱកាសឱ្យពុករួមចំណែកដឹកនាំចលនាតស៊ូរំដោះជាតិ និងប្រជាជនពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និងកសាងប្រទេសបានរីកចម្រើនរហូតសព្វថ្ងៃ»

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |